លោក ហ៊ុន សែន នៅក្នុងពិធី នៅខេត្តក្រេចេះ កាលពីថ្ងៃសៅរ៍។ រូបថត សហការី |
ក្រចេះ: លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានព្រមានកាលពីថ្ងៃសៅរ៍ថា
កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីផ្តួលរំលំរដ្ឋាភិបាល
ឬសកម្មភាពរំលោភរដ្ឋធម្មនុញ្ញនឹងត្រូវបង្រ្កាបយ៉ាងឆាប់បំផុត
ដែលការលើកឡើងនេះ
ហាក់ដូចជាការព្រមានជាថ្មីទៀតចំពោះបាតុកម្មតាមផ្លូវ
ខណៈដែលលោកលើកឡើងថា
ការចរចាគឺជាវិធីតែមួយគត់ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយដែល
កំពុងបន្តមាន។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ
ខណៈដែលភាពជាប់គាំងក្រោយការបោះឆ្នោតមានរយៈពេលជិតដល់ ៦ខែ
ដោយសិទិ្ធធ្វើបាតុកម្មដោយសន្តិវិធីតាមរដ្ឋធម្មនុញ្ញត្រូវបាន
ព្យួរដោយរដ្ឋាភិបាល
បន្ទាប់ពីបាតុកម្មតាមផ្លូវដ៏ធំដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ
បានអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញ
ហើយកូដកម្មរបស់កម្មករកាត់ដេរបានសម្លាប់ជីវិតមនុស្ស
បន្ទាប់ពីមានការប៉ះទង្គិចជាមួយនឹងអាជ្ញាធរ។
លោក ហ៊ុន សែន បានប្រាប់អ្នកភូមិ ក្នុងពិធីសម្ពោធភូមិកុមារ SOS
ក្នុងឃុំ អូរឫស្សី ខេត្ត ក្រចេះ កាលពីថ្ងៃសៅរ៍ថា៖
«ប្រសិនបើមានសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញឬរដ្ឋប្រហារផ្តួល
រលំ [រដ្ឋាភិបាល]
បញ្ហានឹងត្រូវដោះស្រាយក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ
ហើយនឹងបញ្ចប់»។
លោកបានបន្ថែមថា៖ «បញ្ហាត្រូវតែដោះស្រាយនៅតុចរចា ក្នុងរដ្ឋសភា
ប៉ុន្តែមិនមែននៅតាមផ្លូវទេ»។ លោក ហ៊ុន សែន
ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជន ឲ្យត្រៀមខ្លួន
ដើម្បីទប់នឹងបាតុកម្ម
ហើយបង្ហាញការគាំទ្ររបស់ខ្លួនចំពោះគណបក្សកាន់អំណាច
ប្រសិនបើចាំបាច់។
លោកនាយករដ្ឋមន្រ្តីក៏បានព្រមានគណបក្សប្រឆាំងថា
ការនៅស្ងៀមរបស់រដ្ឋាភិបាលចំពោះបាតុកម្មមិនគួរចាត់ទុកជាសញ្ញាថា
សកម្មភាពរបស់ខ្លួនត្រូវបានទទួលយកនោះទេ។
«និយាយឲ្យច្បាស់ថា មិនគួរយល់ថា ពេលយើងស្ងៀមស្ងាត់ មានន័យថា
យើងមិនធ្វើសកម្មភាពនោះទេ។ យើងនឹងចាត់វិធានការ តែពេលវាដល់ពេល។
វាមិនមែនជាការព្រមានទេ
ប៉ុន្តែវាជាការអនុវត្តច្បាប់និងការពាររដ្ឋធម្មនុញ្ញ»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា
បានវិលត្រឡប់មកសភាពធម្មតាវិញហើយ។ លោកបានថ្លែងថា៖
«អ្វីដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះគឺធ្វើឲ្យការរស់នៅ
របស់ប្រជាជនដូចធម្មតាឡើងវិញ... ខ្ញុំមិនអនុញ្ញាតឲ្យក្រុម
ឬបុគ្គលណាមួយយកប្រទេសជាចំណាប់ខ្មាំងឡើយ»។
គណបក្សសង្គ្រោះជាតិបានជំទាស់លទ្ធផលនៃការបោះឆ្នោតថ្ងៃ ទី២៨ ខែ
កក្កដា ដែលផ្តល់អាសនៈ ៥៥ ដល់ខ្លួន និង ៦៨ ដល់គណបក្សកាន់អំណាច។
គណបក្សប្រឆាំងអះអាងថា ភាពមិនប្រក្រតីធំៗប៉ះពាល់ដល់ការបោះឆ្នោត
ហើយបានធ្វើពហិការប្រជុំរដ្ឋសភា
ចាប់តាំងពីរដ្ឋសភាបានបើកដោយឯកបក្សក្នុងខែ កញ្ញា មក។
នៅថ្ងៃសៅរ៍ លោក ហ៊ុន សែន
បានច្រានចោលនូវរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា
លោកបានស្នើសុំលោក សូរិយ៉ា ស៊ូប៊ែរឌី
ប្រេសិតសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិឲ្យសម្រុះសម្រួល
រវាងគណបក្សនយោបាយទាំងពីរ
ក្នុងអំឡុងពេលលោកបានធ្វើបេសកកម្មមកកាន់កម្ពុជា កាលពីសប្តាហ៍មុន
ដោយលោកថ្លែងថា កម្ពុជាមិនត្រូវការបរទេសមកផ្សះផ្សាទេ។
លោកបន្តថា៖ «ប្រសិនបើចាំបាច់ ព្រះមហាក្សត្រ នរោត្តម សីហមុនី
នឹងជាអ្នកផ្សះផ្សាមួយអង្គគត់ លើកលែងតែ
[គម្លាតរវាងគណបក្សទាំងពីរ] បានរួមតូចក្នុងវិវាទនេះ»។
លោកបន្ថែមទៀតថា
ការធ្វើប្រជាមតិដើម្បីសម្រេចថាតើគួររៀបចំបោះឆ្នោតមុនអាណតិ្ត
ដែលជាគំនិតលើកឡើង
ដោយភាគីនយោបាយដែលពាក់ព័ន្ធត្រូវតែចាប់ផ្តើមពីរដ្ឋសភា។
កាលពីសប្តាហ៍មុន
អ្នកវិភាគនយោបាយបានលើកឡើងអំពីការចរចាលក្ខណៈឯកជនរវាងគណបក្ស
ទាំងពីរ តាមរយៈអ្នកផ្សះផ្សា ទី៣ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា
ដំណោះស្រាយចំពោះភាពជាប់គាំងនយោបាយជិតបានព្រមព្រៀងហើយ ដោយលោក
ហ៊ុន សែន បានព្រមព្រៀងជាគោលការណ៍ ៨០
ភាគរយនៃការទាមទាររបស់គណបក្សប្រឆាំងដែលរាប់បញ្ចូលទាំងការ
បោះឆ្នោតក្នុងឆ្នាំ ២០១៥ ឬ ២០១៦
បើទោះបីជាពួកគេមិនបានបញ្ជាក់ថាតើ
ការទាមទារអ្វីបានព្រមព្រៀងរួចហើយក៏ដោយ។
លោក យឹម សុវណ្ណ
អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា
អ្វីៗដែលគណបក្សរបស់លោកបានធ្វើរហូតមកដល់ពេលនេះរួមទាំងការធ្វើ
បាតុកម្មតាមផ្លូវគឺគោរព
«គោលការណ៍ប្រជាធិបតេយ្យនិងគោលការណ៍រដ្ឋធម្មនុញ្ញ»។
លោកបានបន្តថា៖ «គឺគណបក្សប្រជាជនកម្ពុជាទៅវិញទេ
ដែលចាប់ផ្តើមធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
មានតែគណបក្សតែមួយគត់ដែលបង្កើតរដ្ឋសភា...
យើងមិនបានធ្វើអ្វីផ្ទុយរដ្ឋធម្មនុញ្ញទេ»។ លោកបន្តថា៖
«យើងនឹងមិនអង្គុយនៅសភាប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនទេ។
នៅពេលមានឆន្ទៈ វាមានផ្លូវ។
អ្វីក៏ដោយដែលមិនហាមប្រាមដោយច្បាប់គឺអាចធ្វើទៅបាន។
ប្រសិនបើមានឆន្ទៈនយោបាយធ្វើវា យើងអាចធ្វើវា»។
លោក សុវណ្ណ បានបន្ថែមថា
«ប្រសិនបើពួកគេយល់ព្រមឲ្យមានការបោះឆ្នោតឡើងវិញនិងកំណែទម្រង់
នៃការបោះឆ្នោត យើងអាចអង្គុយនៅមុខព្រះមហាក្សត្រ
និងចុះកិច្ចព្រមព្រៀង ហើយបន្ទាប់មក យើងនឹងទៅ រដ្ឋសភា»។
អ្នកវិភាគនយោបាយ លោក កែម ឡី បានថ្លែងថា
លោកបានស្តាប់សុន្ទរកថារបស់លោក ហ៊ុន សែន ជា «សារនយោបាយ»
មួយដែលទទួលស្គាល់ថា ការបោះឆ្នោតលឿនមុនការកំណត់ទំនងនឹងធ្វើឡើង។
លោកបន្តថា៖ «គណបក្សទាំងពីរនឹងចូលរួមសភា
ហើយធ្វើវិសោធនកម្មមាត្រា ៧៨ [ដែលចែងថា
សភាមិនអាចរំលាយបានពីមុនការចប់អាណត្តិរយៈពេល ៥ឆ្នាំ របស់ខ្លួន]
ហើយរៀបចំការបោះឆ្នោតអាណត្តិ ទី៦ មុនឆ្នាំ ២០១៨»។
លោក កែម ឡី បានបន្ថែមថា៖ «នោះហើយជាមូលហេតុដែលលោក ហ៊ុន សែន
កំពុងចាប់ផ្តើមរៀបចំយុទ្ធនាការបោះឆ្នោតរបស់គាត់ចាប់ពីពេលនេះទៅ។
សារនយោបាយពីខេត្ត ក្រចេះ គឺជាយុទ្ធនាការបោះឆ្នោតរួចទៅហើយ»។
លោក សុខ ទូច អ្នកវិទ្យាសាស្រ្តផ្នែកនយោបាយបានថ្លែងថា
ភាពជាប់គាំងនយោបាយបន្ទាប់ពីការបោះឆ្នោតទាំងអស់កាលពីអតីតកាល
ត្រូវបានដោះស្រាយតាមរយៈឆន្ទៈនយោបាយ
និងមិនមែនទៅតាមវិធានការរដ្ឋធម្មនុញ្ញតឹងរ៉ឹងនោះទេ។ «ខ្ញុំគិតថា
ឆន្ទៈនយោបាយគឺជាឆន្ទៈតែមួយគត់ដើម្បីដោះស្រាយបញ្ហា...
ពីព្រោះគណបក្សនីមួយៗមានឆន្ទៈខុសគ្នាអំពីរបៀបបកស្រាយរដ្ឋ
ធម្មនុញ្ញ»។
លោក សុខ ទូច បានបន្ថែមថា
អ្នកគាំទ្រគណបក្សកាន់អំណាចនឹងមិនចេញមកធ្វើបាតុកម្មការពារគណបក្ស
កាន់អំណាចនោះទេ ហើយលោកបានហៅទិចនិកនេះថា «ហួសសម័យ»។
កាលពីថ្ងៃព្រហស្បតិ៍
នៅក្នុងចំណាត់ការមួយដែលត្រូវបានសរសើរដោយគណបក្សសង្គ្រោះជាតិ
សភាអឺរ៉ុប
បានអនុម័តសេចក្តីសម្រេចមួយអំពាវនាវរដ្ឋាភិបាលលុបចោលការហាមប្រាម
ការជួបជុំប្រមូលផ្តុំសាធារណៈ និង «ទទួលស្គាល់តួនាទីស្របច្បាប់»
របស់គណបក្សប្រឆាំង
និងសុំឲ្យមានការលើកចោលដីកាកោះរបស់តុលាការទៅលើមេដឹកនាំរបស់
គណបក្សនេះ
និងសុំឲ្យមានការទទួលយកការស៊ើបអង្កេតដែលមានការជួយជាអន្តរជាតិ
ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជានេះ
ក៏បានអំពាវនាវទៅរដ្ឋាភិបាលផងដែរឲ្យដោះលែងមនុស្ស ២៣ នាក់
ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើ
កម្មករកាត់ដេរដែលធ្វើបាតុកម្មកាលពីដើមខែនេះ
និងស៊ើបអង្កេតការស្លាប់មនុស្ស ៤នាក់
ដោយកម្លាំងប្រដាប់អាវុធក្នុងអំឡុងប្រតិបត្តិការបង្ក្រាបនោះ៕ TK/PS
រាយការណ៍បន្ថែមដោយ Kevin Ponniahhttp://www.postkhmer.com/national/1-national-news/109451-2014-01-20-04-01-13
0 comments:
Post a Comment